ប្រភេទនៃការផ្តល់ហិរញ្ញប្បទានដល់គម្រោងបណ្តុះបណ្តាលនេះ គឺជាទម្រង់មួយដែលមានលក្ខណៈស្តង់ដារនិងមានតម្រូវការខ្ពស់ក្រោមគម្រោងរបស់មូលនិធិ។ ប្រភេទគម្រោងបែបនេះបានគាំទ្រ និងផ្តល់សហហិរញ្ញប្បទានរួមគ្នាដល់ការអភិវឌ្ឍជំនាញរបស់និយោជិតនាពេលបច្ចុប្បន្ន ឬទៅអនាគត។ និយោជកត្រូវធ្វើកិច្ចសហការជាមួយអ្នកផ្តល់សេវាបណ្តុះបណ្តាលឯកជន ឬសាធារណៈ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិក របស់ខ្លួននាពេលបច្ចុប្បន្ន ឬផ្តល់ការបណ្តុះបណ្តាលដល់និយោជិតដែលពួកគេមានផែនការជ្រើសរើសឱ្យចូលធ្វើការបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល។ កម្មវិធីបណ្តុះបណ្តាលនេះ មិនមានការកំណត់លើមាតិកា(ខ្លឹមសារ) ឬទម្រង់បែបបទណាមួយឡើយ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺការបន្ថែមតម្លៃលើកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពជួយដល់និយោជកឱ្យកាន់តែប្រសើរថែមទៀត។ ដូច្នេះ ជាគោលការណ៍សំខាន់ គឺការបណ្តុះបណ្តាល ត្រូវរៀបចំឡើងដោយនិយោជកមានឆន្ទៈក្នុងការចូលរួមវិភាគទាន (ជាហិរញ្ញវត្ថុ ឬជាទ្រព្យ) ហើយវគ្គបណ្តុះបណ្តាលដែលគេកំពុងបញ្ជូនបុគ្គលិករបស់ពួកគេទៅចូលរួម ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេផងដែរ។ អាស្រ័យហេតុនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ ឬការច្របាច់បញ្ចូលនូវជំនាញទាំងពីរ គឺត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យរបស់គម្រោង។
ដើម្បីដាក់សំណើគម្រោង មកគម្រោងមូលនិធិ និយោជក និងវិទ្យាស្ថានបណ្តុះបណ្តាលត្រូវដាក់ស្នើសំណើគម្រោងបណ្តុះបណ្តាលរួមគ្នាជាមួយនឹងការដាក់បញ្ចូលនូវសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីវាស់វែងការអនុវត្តគម្រោងបណ្តុះបណ្តាលរបស់ពួកគេ។ ប្រសិនបើសំណើគម្រោង ត្រូវបានគេជ្រើសរើស នោះ គម្រោងមូលនិធិ នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងបណ្តុះបណ្តាល។ ហើយនិយោជកនិង / អ្នកផ្តល់សេវាបណ្តុះបណ្តាលនឹងចូលរួមវិភាគទានលើការចំណាយរបស់គម្រោងបណ្តុះបណ្តាល (ជាហិរញ្ញវត្ថុ ឬជាទ្រព្យ) ។
វិស័យអាទិភាពនាពេលបច្ចុប្បន្នរួមមាន វិស័យសំណង់ កម្មន្តសាល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាទេសចរណ៍ និងអេឡិចត្រូនិក ក៏ប៉ុន្តែ គេអាចនឹងធ្វើការពិចារណាទៅលើ វិស័យដែលមានគុណតម្លៃខ្ពស់បន្ថែមផ្សេងទៀតផងដែរ ។ ប្រសិនបើសំណើគម្រោងបណ្តុះបណ្តាលត្រូវបានអនុម័តដោយជោគជ័យនោះ ការទូទាត់ថវិការបស់មូលនិធិគម្រោង នឹងធ្វើការផ្តល់ជូនអ្នកផ្តល់សេវាបណ្តុះបណ្តាលជាកញ្ចប់ ដើម្បីផ្តល់នូវធនធានជាចាំបាច់ដល់ ការបណ្តុះបណ្តាលឱ្យបានទាន់ពេលវេលា ហើយធានាបាននូវគុណភាព បណ្តុះបណ្តាល ដើម្បីធ្វើឱ្យការវាយតម្លៃលើសមត្ថភាពដែលទទួលបានលទ្ធផល ហើយជាចុងក្រោយ គឺដើម្បីផ្តល់ការលើកទឹកចិត្តឱ្យមានអត្រាការងារធ្វើខ្ពស់ និងប្រាក់ខែកើនឡើង។