មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

កម្ពុជា ​ត្រូវការ​ពេល​ ដើម្បី​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល

2018-04-10
Responsive image

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល ខណៈ​ជំរុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ចាប់​ផ្ដើម​ចាប់​យក​បច្ចេកវិទ្យា​នេះ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា និង​សហគ្រិនភាព ដើម្បី​ពិនិត្យ​មើល​បញ្ហា​ប្រឈម និង​ទទួល​បាន​អនុសាសន៍​កាន់តែ​ច្រើន​ពី​សហគ្រិន​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​សិក្ខាសាលា​នេះ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ការងារ​ក្របខ័ណ្ឌ​គោលនយោបាយ​ទាក់ទង​នឹង​ប្រសិទ្ធភាព​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើឲ្យ​ប្រសើរ​ដល់​សេដ្ឋកិច្ច​ឌីជីថល​។

លោក​ថ្លែង​ថា​ការអភិវឌ្ឍ​វិស័យ​នេះ​ត្រូវការ​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ដ្រ​ ៥ ​ឆ្នាំ​របស់​រដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​ដល់​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​។ លោក​ថ្លែង​ថា​៖ «​វា​មិន​ងាយស្រួល​នោះ​ទេ យើង​ត្រូវការ​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ប្រែ​ក្លាយ​សេដ្ឋកិច្ច​របស់​យើង​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​នឹង​សម្រេច​បាន​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​មនុស្ស និង​ត្រូវការ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​»​។

លោក​បន្ត​ថា​ឥទ្ធិពល​បច្ចេកវិទ្យា​ឌីជីថល​អាច​ជួយ​ឧស្សាហកម្ម​នេះ​ដើម្បី​បង្កើន​ផលិតភាព ការងារ​ថ្មី​មាន​ប្រាក់ខែ​ខ្ពស់​នៅ​ក្នុង​ឱកាស​ថ្មី​សម្រាប់​សង្គម ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សន្ដិសុខ​ការងារ គម្លាត​វិសមភាព និង​ប្រាក់​ចំណូល​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ការចូល​មក​នៃ​សេដ្ឋកិច្ច​ឌីជីថល​នឹង​នាំ​យក​ឱកាស​ដ៏ល្អ​ក្នុង​សង្គម ប៉ុន្តែ​ទទួលរង​ផលប៉ះពាល់​ផង​ដែរ ដូច្នេះ​វា​តម្រូវ​ឲ្យ​ពួកយើង​ប្រមូល​រាល់​ធាតុ​ចូល​ទាំងអស់ ដើម្បី​ចាត់​វិធានការ​លើ​ផែនការ​របស់​យើង ដើម្បី​គាំទ្រ​សហគ្រិនភាព​តាមរយៈ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​ជំនាញ​អនុវត្តតាម​កម្មវិធី​របស់​រដ្ឋាភិបាល​»​។ លោក​បន្ថែម​ថា​នេះ​គឺជា​ការចាប់ផ្ដើម​និន្នាការ​រួម​អំពី​សេដ្ឋកិច្ច​ឌីជីថល​។

ក្រុម​អ្នក​ជំនាញ​មកពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្រមាន​អំពី​ការរំខាន​ក្នុង​​ទីផ្សារ​ការងារ​ដោយសារ​បច្ចេកវិទ្យា​ទំនើប​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង​ម៉ានីល​កាលពី​សប្តាហ៍​មុន ទោះបី​ជា​មន្ដ្រី​ធនាគារ​នេះ​បាន​កត់សម្គាល់​ថា ប្រទេស​កម្ពុជា​មាន​កម្មវិធី​ជាច្រើន​កំពុង​ដំណើរការ​ដើម្បី​ជួយ​កាត់​បន្ថយ​ផលវិបាក​អវិជ្ជមាន​មួយ​ចំនួន​ក៏ដោយ​។

លោកស្រី Elisabetta Gentile សេដ្ឋវិទូ​នៅ ADB បាន​ថ្លែង​ថា​បច្ចេកវិទ្យា​ទំនើប ដូចជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​នឹង​តម្រូវ​ឲ្យ​មាន​កម្មករ​មាន​ជំនាញ​ថ្មី ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​នៅពេល​អនាគត​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​ជួយ​ [​កម្មករ​ទាំងនោះ​] សម្រាប់​ការផ្លាស់ប្តូរ​នេះ ដើម្បី​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នេះ​»​។

លោក​ ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​៖ «​វា​ពិតជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​នឹង​ប្រឈម​នៅ​ទសវត្សរ៍​ក្រោយ​»​។ លោក​បន្ត​ថា​៖ «​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ពី​ការងារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ទៅ​ជា​ឧស្សាហកម្ម​មាន​មូលដ្ឋាន​លើ​ចំណេះដឹង​កាន់តែ​ច្រើន និង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​របស់​យើង​ដើម្បី​ជម្នះ​នឹង​បញ្ហា​ប្រឈម​នោះ​»​។

ADB បាន​ស្នើ​គម្រោង​ជាច្រើន​នៅ​កម្ពុជា​ដែល​ស្វែងរក​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​ដែល​រួមមាន​គម្រោង​មាន​តម្លៃ ៦០ លាន​ដុល្លារ ដែល​ផ្ដោត​លើ​ការអប់រំ​កម្មករ​ជាមួយ​នឹង​ទិសដៅ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពី​ការងារ​មាន​មូលដ្ឋាន​លើ​កម្មករ​ទៅ​ជា​ការងារ​មាន​មូលដ្ឋាន​លើ​ជំនាញ​ត្រឹម​ឆ្នាំ​ ២០២៥​។ ធនាគារ​នេះ​បាន​ផ្ដល់​មូលនិធិ​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ​ព្រម​ទាំង​ការបង្កើន​ការអប់រំ​អនុវិទ្យាល័យ​នៅក្នុង​ប្រទេស​នេះ​ផង​ដែរ​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​នំស្រួយ លីលី បាន​ថ្លែង​ថា​នេះ​គឺជា​ពេលវេលា​ដំបូង​សម្រាប់​ការធ្វើ​បដិវត្តន៍​បច្ចេកវិទ្យា សហគ្រិន​ត្រូវការ​ផ្លាស់ប្តូរ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។ លោកស្រី​ថ្លែង​ថា​៖ «​អ្វីៗ​គ្រប់​យ៉ាង​លើ​ទីផ្សារ​ពិភពលោក​កំពុង​ងាក​ទៅ​រក​ការពឹង​លើ​បច្ចេកវិទ្យា ប្រសិន​បើ​យើង​ចង់​សម្រេច​បាន​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ខ្លួន​យើង​ទៅ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា ទោះបី​ជា​វា​មាន​ការ​ពិបាក​បន្តិច​នៅពេល​ចាប់ផ្ដើម​ក៏ដោយ​»​។ លោកស្រី​បន្ត​ថា​៖ «​ពិត​ហើយ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការ​បណ្ដុះបណ្ដាល ប៉ុន្តែ​យើង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ប្រព័ន្ធ​ឌីជីថល​»​។

លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ថា ប្រជាជន​កម្ពុជា​ខ្វះ​ចំណេះដឹង​ខាង​មុខងារ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT) ខណៈ​ប្រព័ន្ធ​ដឹកជញ្ជូន​រួម​គ្នា មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍ​ពិតប្រាកដ​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សេដ្ឋកិច្ច​ឌីជីថល​មួយ​ចំនួន​រួច​ហើយ ប៉ុន្តែ​វា​នៅតែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និង​បទប្បញ្ញត្តិ​ក្នុង​ការពង្រីក​បន្ថែម​ទៀត​»​។ លោក​បន្ត​ថា​៖ «​ប្រទេស​កម្ពុជា​រៀបចំ​ខ្លួន​កាន់​តែ​រហ័ស កាន់តែ​ប្រសើរ ដោយសារ​តែ​នៅ​ពេល​អនាគត​នឹង​ត្រូវ​ធ្វើឲ្យ​មាន​លក្ខណៈ​ឌីជីថល​បន្ថែម​ទៀត​»៕LA

 | Publication date 10 May 2018 | 11:40 ICT