មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ

Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជំរុញការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព និងស្របតាមតម្រូវការទីផ្សារ !

2019-07-23
Responsive image

(ភ្នំពេញ)៖ ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា, នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោកស្រី Sunniya Durrani Jamal នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈផងដែរ។

លោក វង្សី វិស្សុត មានថ្លែងថា ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមប្រមាណ ៧.៧% ក្នុងមួយឆ្នាំ និងធានារក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ពិសេសការសម្រចបាននូវការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ សូចនាករនេះ បានឆ្លុះបញ្ចាំងពីដំណើរផ្លាស់ប្តូរ របស់កម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចរំដោះខ្លួន ចេញពីប្រទេសដែលមានចំណូលកម្រិតទាប នៅក្នុងឆ្នាំ២០១៥ កន្លងទៅ និងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំបន្តឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួន គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលផងដែរ។

លោកបានបន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ព្រោះថាប្រសិនបើពុំមានកំណើនទេ នោះយើងក៏នឹងមិនមានអ្វីសម្រាប់ធ្វើការបែងចែក នៅក្នុងសង្គមជាតិវិញនោះដែរ ពិសេសការកាត់បន្ថយភាពក្រីក្រ។ ជាទិសដៅយុទ្ធសាស្រ្តទៅថ្ងៃមុខ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង គឺត្រូវការជំនាញជាចាំបាច់។ ម្យ៉ាងវិញទៀត បើយើងនិយាយអំពីកត្តានៃកំណើន (Factor of Growth) វិញ គឺកំណើនដែលយើងទទួលបានកន្លងមកភាគច្រើនបានមកតែពីកត្តាការចូលរួមកម្លាំងពលកម្ម (Labor participation) ហើយចំណែកពីកត្តាផលិតភាពការងារ (Labor productivity) មានតែមួយផ្នែកតូចប៉ុណ្ណោះ។

លោក វង្ស៊ី វិស្សុត បញ្ជាក់ទៀតថា បច្ចុប្បន្ន ការចូលរួមរបស់កម្លាំងពលកម្ម គឺអស់លំហរទៅហើយ ដូចនេះការរុញកំណើនទៅថ្ងៃមុខ គឺយើងគ្មានជំរើសអ្វីផ្សេងក្រៅ ពីកត្តាផលិតភាពការងារ និងការបង្កើនការវិនិយោគ, ជំនាញ និងបច្ចេកវិទ្យា (Capital Accumulation) ព្រមទាំងការបង្កើតក្បាលម៉ាស៊ីនថ្មី និងធ្វើទំនើបកម្មក្បាលម៉ាស៊ីនចាស់ ដែលមានស្រាប់នោះទេ។ ក៏ប៉ុន្តែការបង្កើនផលិតភាពការងារ ទាមទារនូវការអភិវឌ្ឍជំនាញ ហើយយើងក៏មិនអាចបង្កើតក្បាលម៉ាស៊ីនថ្មី និងប្រើប្រាស់បច្ចេកវិទ្យាបានដែរ ប្រសិនបើមិនមានជំនាញ។ ដូចនេះ ជំនាញដើរតួនាទីធំណាស់ ក្នុងកសាងក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលមានតម្លៃបន្ថែមខ្ពស់ ក៏ដូចជាការទាក់ទាញឧស្សាហកម្មថ្មីៗ តាមរយៈការវិនិយោគពីក្រៅប្រទេស។

លោកក៏មានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលបាន និងកំពុងជំរុញការអភិវឌ្ឍជំនាញ ទាំងតាមរយៈយន្តការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្កើតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស និងទាំងតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការបំពាក់អគារ សំភារៈបរិក្ខាពិសោធន៍ ការតម្លើងបៀវត្សគ្រូបណ្តុះបណ្តាល និងការបង្កើនថ្លៃឯកតាបណ្តុះបណ្តាល ព្រមទាំងអាហារូបករណ៍ ដើម្បីទាក់ទាញការចូលរៀន របស់សិស្សលើផ្នែកជំនាញ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍជំនាញនៅកម្ពុជា នៅតែចោទជាបញ្ហាច្រើននៅឡើយ ដូចជាភាពមិនស៊ីគ្នានៃជំនាញ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ (Skill mismatch) ពិសេសការអភិវឌ្ឍវិស័យឧស្សាហកម្ម និងគុណភាពនៃជំនាញនៅមិនទាន់ អាចឆ្លើយតបទៅនឹងតម្រូវការនៃការងារនៅឡើយ (Quality mismatch)។

លោកបន្តថា ទន្ទឹមនឹងនេះដែរ ដោយសារការវិវត្តន៍យ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យា បានធ្វើឱ្យតម្លៃនៃជំនាញមួយចំនួន អាចនឹងមានការផ្លាស់ប្តូរក្នុងរយៈពេលតែបួន ឬក៏ប្រាំឆ្នាំប៉ុណ្ណោះ ទន្ទឹមនឹងមានការធ្វើស្វ័យប្រវត្តិកម្មកាន់តែច្រើន ដែលអាចគំរាមកំហែងដល់ទីផ្សារការងារ។ ម្យ៉ាងវិញទៀត កម្ពុជាក៏មានពលករចំណាកស្រុកច្រើន ហើយភាគច្រើននៃពលករចំណាកស្រុក ពុំមានការប្រើប្រាស់ជំនាញទេ ពោលគឺប្រើតែកម្លាំងពលកម្ម។ ទន្ទឹមនឹងនេះទីផ្សារ ការងារ និងប្រាក់ខែរវាងអ្នកគ្មានជំនាញ អ្នកមានជំនាញទាប និងអ្នកមានជំនាញខ្ពស់ នៅមិនទាន់មានភាពខុសគ្នាខ្លាំង និងមិនទាន់អាចលើកទឹកចិត្តដល់អ្នកគ្មានជំនាញ និងអ្នកមានជំនាញទាប ឱ្យកាន់តែខិតខំបង្កើនជំនាញរបស់ខ្លួន ឱ្យកាន់តែខ្ពស់នៅឡើយ។

ក្នុងន័យនេះ កម្ពុជាចាំបាច់ត្រូវរៀបចំនូវក្របខណ្ឌ និងគោលយោបាយដ៏សមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការបង្កើនជំនាញ ដែលអាចជួយរួមចំណែក ដល់ការបង្កើន តម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ក៏ដូចជាការបង្កើតនូវឱកាស ជូនដល់ពលករចំណាកស្រុក ឱ្យអាចចូលរួមការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងអាចទទួលបាននូវការងារ និងប្រាក់ខែសមរម្យនៅក្នុងប្រទេស។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ មិនធ្វើតួនាទីជាន់គ្នា ឬធ្វើការជំនួសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ឬ វិស័យឯកជនមួយចំនួន ដែលកំពុងតែធ្វើការងារពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញនោះទេ ប៉ុន្តែមូលនិធិអភិវឌ្ឍន៍ជំនាញ ជាការបើកឱកាស និងបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្តល់នូវហិរញ្ញប្បទាន តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងជាថ្នាលមួយ សម្រាប់ឱ្យតួអង្គពាក់ព័ន្ធបង្កើតនូវ ក្របខណ្ឌរួមមួយ និងអាចផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់ ដើម្បីបង្កើនគុណភាពនៃជំនាញនៅក្នុងកម្ពុជា ក្នុងគោលដៅទាក់ទាញការវិនិយោគ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងគោលដៅបង្កើតធនធានមនុស្សប្រកបដោយជំនាញនៅកម្ពុជាឱ្យបានច្រើន ដើម្បីបង្កើនគុណភាពការងារ និងគុណភាពនៃជីវិត។

លោកបន្តថា មូលនិធិអភិវឌ្ឍន៍ជំនាញត្រូវតែ មានរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងមានប្រតិបត្តិការប្រកបដោយមានតម្លាភាព ហើយផ្តោតតែទៅលើវិស័យអាទិភាពមួយចំនួន ដែលមានសក្តានុពលខ្ពស់ក្នុងសេដ្ឋកិច្ច ដូចជាកម្មន្តសាល ទេចរណ៍ និងឌីជីថលជាដើម ព្រមទាំងត្រូវរក្សាឱ្យបាននូវតុល្យភាពរវាងក្រុមហ៊ុនធំៗ ដែលមានចរិតជាយុទ្ធសាស្រ្តដល់ភាពប្រកួតប្រជែងរបស់កម្ពុជា និងសហគ្រាសធុនតូច និងមធ្យម។ ក្រៅពីការផ្តល់ហិរញ្ញប្បទាន មូលនិធិអភិវឌ្ឍន៍ជំនាញក៏ត្រូវគិតគូរផងដែរ អំពីការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញឱ្យទាន់ពេលវេលា និងសមស្រប នឹងតម្រូវការទីផ្សារ និងបរិការណ៍នៃសេដ្ឋកិច្ចកម្ពុជា។

ក្នុងន័យនេះ លោកបានស្នើសុំដល់តួអង្គពាក់ព័ន្ធ ពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមគាំទ្រដល់ការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញនេះ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើម អនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយបានប្រើប្រាស់ថវិការាជរដ្ឋាភិបាលចំនួន ៥លានដុល្លារអាមេរិក និងបានទទួលការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។ បច្ចុប្បន្នមូលនិធិអភិវឌ្ឍន៍ជំនាញ កំពុងតែសហការជាមួយដៃគូរមួយចំនួនទៀត ដូចជា IFAD និងក្រុមហ៊ុនទីប្រឹក្សាមកពីប្រទេសស្វីស។

រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាព ក្នុងការបង្កើនធនធានថវិកាសម្រាប់គាំទ្រដល់មូលនិធិបន្ថែមទៀត ប្រសិន បើការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងមានការទាក់ទាញច្រើន ដែលបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ: Phnom Penh Post:   | Publication date 16 January 2019 | 11:34 ICT