យុវជនវ័យក្មេងកម្ពុជារាប់ម៉ឺននាក់ ដែលបានចូលជាកម្លាំងពលកម្មជារៀងរាល់ឆ្នាំ។ ក្នុងចំណោមអ្នកចូលរួមក្នុងកម្លាំងពលកម្មទាំងអស់ កម្លាំងពលកម្មដែលមានអាយុពី (១៥-៦៤ឆ្នាំ) បានកើនឡើងពី ៧,៧ លាននាក់ក្នុងឆ្នាំ២០០៩ ដល់ ៨,៣ លាននាក់ក្នុងឆ្នាំ២០១៥។ ក្នុងខណៈដែលប្រទេសកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ ប៉ុន្តែកម្លាំងពលកម្មទាំងនោះ ក៏នៅ មាន កម្រិតទាបទាំងការអប់រំ និងជំនាញ។ ការទទួលបានការអប់រំជាមធ្យមរបស់ពលករយើងនាពេលបច្ចុប្បន្ន គឺបានបញ្ចប់ត្រឹមថ្នាក់ បឋមសិក្សា (ថ្នាក់ទី ៦) ឬទាបជាងនេះ-ដែលនេះជាឧបសគ្គចម្បងមួយចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មឧស្សាហកម្ម និងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនាពេលបច្ចុប្បន្ន។ យោងតាមការស្ទង់មតិផ្នែកសេដ្ឋកិច្ចសង្គមទូទាំង ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៥ បានរកឃើញថា ជិតពាក់កណ្តាលនៃពលករ មិនបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ឬមិនបានចូលរៀនសោះ ហើយកម្មករ និយោជិតតិចជាង ៧% បានបញ្ចប់ ថ្នាក់វិទ្យាល័យ (ថ្នាក់ទី ១២)។ ប្រទេសកម្ពុជាយើងកំពុងតែមានតម្រូវការជាបន្ទាន់ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើងជាលំដាប់នៃកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានឥរិយាបថសមរម្យ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដើម្បីកែទម្រង់ និងពង្រឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាល រួមទាំងបង្កើនតួនាទីរបស់វិស័យ ឯកជនឱ្យមានលក្ខណៈកាន់តែប្រសើរឡើង ក្នុងការអភិវឌ្ឍជំនាញ និងផ្តល់ការលើកទឹកចិត្តដល់សហគ្រាសនានាក្នុងការបណ្តុះ បណ្តាលពលកររបស់ខ្លួន។
គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មឆ្លើយតបទៅនឹងតម្រូវការរបស់រោងចក្រសហគ្រាស។ គោលដៅរួមរបស់គម្រោង គឺដើម្បីកសាងការជឿទុកចិត្តក្នុងភាពជាដៃគូផ្នែកឧស្សាហកម្ម និង លើកទឹកចិត្តឱ្យមាន ការចូលរួមកាន់តែខ្លាំងថែមទៀតរបស់ វិស័យឯកជន និងរកដំណោះស្រាយចំពោះតម្រូវការបណ្តុះបណ្តាលរបស់ពួកគេ។ ក្រុមហ៊ុនដែលមានឆន្ទៈ ប៉ុន្តែពេលខ្លះ មានភាពស្ទាក់ស្ទើរក្នុងការអភិវឌ្ឍបន្ថែមទៀតនូវកម្លាំងពលកម្មរបស់ខ្លួន គឺនឹងអាចទទួលបានការគាំទ្រពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីវិនិយោគបន្ថែមទៀត។ រាល់គំនិតផ្តួចផ្តើមនៃការអភិវឌ្ឍកម្លាំងពលកម្ម និងការប្តេជ្ញាចិត្តរបស់វិស៏ឯកជន នឹងទទួលបានការគាំទ្រជាចម្បងពីគម្រោងសាកល្បងមូលនិធិអភិវឌ្ឍន៍ជំនាញ (ដែលក្នុងនោះ រួមទាំងការយកចិត្តទុកដាក់ពីក្រុមការងារដែលមានជំនាញ និងឆ្លើយតបតម្រូវការរបស់អតិថិជន)។
ក្លាយជាថ្នាលហិរញ្ញប្បទានដែលទទួលបានទំនុកចិត្តខ្ពស់ពីដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអភិវឌ្ឍជំនាញដែលឆ្លើយតបទៅនឹងតម្រូវការឧស្សហកម្ម និងប្រកបដោយចីរភាព
កសាងទំនុកចិត្តលើគុណភាពនៃការអភិវឌ្ឍជំនាញ និងជម្រុញការកៀរគរធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលត្រូវបានផ្ដល់តម្លៃ និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម។