ដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតក្នុងការពន្លឿនការកសាងកម្លាំងពលកម្មដែលមានជំនាញខ្ពស់ឆ្លើយតបទៅនឹងតម្រូវការវិស័យឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើមគម្រោងមូលនិធិបណ្តុះបណ្តាលមួយហៅថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ SDF គឺជាគម្រោងភាពជាដៃគូដែលមានលក្ខណៈនវានុវត្តន៍មួយរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងការអភិវឌ្ឍជំនាញដែលត្រូវបានគេទទួលស្គាល់ថាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានកាន់តែល្អប្រសើរជាមួយនឹងជំនាញពិតប្រាកដ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។ ជាការពិត មូលនិធិសម្រាប់ការបណ្តុះបណ្តាលដូចជា SDF ត្រូវបានប្រើប្រាស់ជាទូទៅដោយស្ថាប័នរដ្ឋាភិបាលជាច្រើននៅលើពិភពលោក ដើម្បីដោះស្រាយនូវតម្រូវការផ្នែកជំនាញរបស់វិស័យឯកជនលើមូលហេតុបីយ៉ាងដូចតទៅ៖ (១) វិស័យឯកជនមានវេទិកាមួយដែលពួកគេអាចស្វែងរកសហហិរញ្ញប្បទានពីរដ្ឋាភិបាលក្នុងការផ្តល់មូលនិធិដល់គម្រោងបណ្តុះបណ្តាលដើម្បីបង្កើនជំនាញដល់កម្លាំងពលកម្មររបស់ពួកគេ (២) រាជរដ្ឋាភិបាលអាចកាត់បន្ថយហានិភ័យស្តីពីការផ្គត់ផ្គង់កម្លាំងពលកម្មដែលមិនមានភាពស៊ីសង្វាក់គ្នាទៅនឹងតម្រូវការនៃទីផ្សារការងារ និង (៣) មូលនិធិបណ្តុះបណ្តាលដូចជា SDF នឹងធ្វើការលើកទឹកចិត្តអ្នកផ្តល់សេវាបណ្តុះបណ្តាល និងសហគ្រាសឧស្សាហកម្មក្នុងការធ្វើឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាថែមទៀតក្នុងការរៀបចំសំណើគម្រោងបណ្តុះបណ្តាលរួមគ្នា និងជួយដល់គ្រូឧទ្ទេសនៅតាមសាលាអាចប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាទំនើបថ្មីៗ និង អនុវត្ត នៅក្នុងឧស្សាហកម្មដែលលើកកម្ពស់ដល់ទំនាក់ទំនងល្អរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងសហគ្រាសឧស្សាហកម្ម។
តាមរយៈគម្រោង SDF រាជរដ្ឋាភិបាលបានកំពុងអនុវត្តនូវវិធីសាស្រ្តដែលមានលក្ខណៈនវានុវត្តន៍ក្នុងការអភិវឌ្ឍកម្លាំងពលកម្មនៅប្រទេសកម្ពុជា។ SDF គឺជាគម្រោងភាពជាដៃគូដែលមានលក្ខណៈនវានុវត្តន៍មួយរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងការអភិវឌ្ឍជំនាញដែលត្រូវបានគេទទួលស្គាល់ថាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានកាន់តែល្អប្រសើរជាមួយនឹងជំនាញពិតប្រាកដ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។ ម្យ៉ាងទៀត គម្រោង SDF ក៏ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដែលមានឈ្មោះបោះសម្លេងជាអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គម្រោងមូលនិធិ ធ្វើការផ្តល់ហិរញ្ញប្បទានមានលក្ខណៈបែបសហហិរញ្ញប្បទានរួមគ្នាដល់កម្មករនិយោជិតដែលកំពុងធ្វើការ និងផ្តល់ការបណ្តុះបណ្តាលដល់កម្លាំងពលកម្មដែលត្រៀមចូលទីផ្សារពលកម្មថ្មីផងដែរ។ មូលនិធិនេះក៏ផ្តោតលើការបណ្តុះបណ្តាលគ្រូឧទ្ទេស (ToT) ដែលបច្ចុប្បន្នកំពុងធ្វើការនៅក្នុងសាលារៀន ឬក្រុមហ៊ុន ដូច្នេះ ពួកគេអាចបង្កើនជំនាញរបស់ពួកគេបន្ថែមផងដែរ។ គម្រោងមូលនិធិ (SDF) ស្វាគមន៍ចំពោះសំណើរគម្រោងបណ្តុះបណ្តាលនានាទាំងជំនាញទន់ និងជំនាញបច្ចេកទេស ដែលបានចាប់ផ្តើមរួមគ្នាដោយវិស័យឯកជន វិទ្យាស្ថានបណ្តុះបណ្តាល និងអ្នកផ្តល់សេវាបណ្តុះបណ្តាល ព្រមទាំងសហគ្រាសឧស្សាហកម្មគោលដៅសំខាន់ៗដូចជា ឧស្សាហកម្មផ្នែកអេឡិចត្រូនិច សំណង់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) និងទេសចរណ៍ជាដើម ។ល។
យើងខ្ញុំសូមអញ្ជើញលោក លោកស្រីសូមធ្វើការពិនិត្យមើលតាមផ្នែកពាក់ព័ន្ធនៃគេហទំព័ររបស់យើងខ្ញុំ និង/ឬទាក់ទងមកកាន់សមាជិកក្រុមការងាររបស់យើងខ្ញុំតាមរយៈបណ្តាញផ្សេងៗ ហើយយើងខ្ញុំរង់ចាំទទួលសំណើគម្រោងបណ្តុះបណ្តាលរបស់លោក លោកស្រី និងធ្វើការជាមួយលោក លោកស្រីដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយជោគជ័យសម្រាប់គម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ ។
ដោយក្ដីគោរព,
ឈាង វណ្ណារិទ្ធ, នាយកគម្រោង